នាយករដ្ឋមន្ត្រី ណែនាំឲ្យរៀបចំ ធ្វើតេស្តគ្រឿងញៀន លើមន្ត្រីរាជការគ្រប់ប្រភេទ ទាំងថ្នាក់ជាតិ និងក្រោមជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យរៀបចំធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
នាឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើតេស្តនេះគឺអនុវត្តដូចគ្នានឹងកងកម្លាំងប្រដាប់អាវុធ បើរកឃើញការប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្ដង។
ជាមួយគ្នានោះសម្តេចធិបតី ក៏បានសំណូមពរឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា ៕