សម្ដេចធិបតី៖ ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងមិនអនុញ្ញាតឲ្យមានការដាំកញ្ឆា នៅកម្ពុជានោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា «ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះទេ» ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់វិនិយោគិនបរទេសទាំងឡាយណា ដែលមានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចាំបាច់ចំណាយពេលធ្វើដំណើរមកកម្ពុជាអី ។