សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសង្ឃឹមថា ១០ ទៅ១៥ឆ្នាំទៀត ភាពរញ៉េរញ៉ៃគ្រឿងញៀន នឹងបាត់អស់ពីកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ក្នុងរយៈពេល ១០ ទៅ១៥ឆ្នាំ ខាងមុខ ភាពរញ៉េរញ៉ៃ នៃបញ្ហាគញរឿងញៀន នឹងបាត់ចេញអស់ពីកម្ពុជា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ម៉ោងនេះរាជរដ្ឋាភិបាល ត្រូវតែអនុវត្តច្បាប់លើបញ្ហាគ្រឿងញៀន ដោយគ្មានលើកលែងនោះទេ ។
សូមជម្រាបថា នៅថ្ងៃនេះដែរសម្ដេចមហាបវរធិបតី បានចេញបទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។ ក្នុងនោះរាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖
១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕