នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែបន្តរងផលប៉ះពាល់ពីគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថាថា ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ប្រទេសកម្ពុជានៅតែបន្តរងផលប៉ះពាល់ពីគ្រឿងញៀនខុសច្បាប់ដោយសារការលបលួចធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដូចជាការធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរក្សាទុកកែច្នៃ ផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសក៏កើតមាន និងបន្តកើនឡើងជាហូរហែ។ ជាក់ស្តែង សារធាតុគីមីដែលអាចផ្សំផលិតជាគ្រឿងញៀនជាច្រើនរយតោន រួមទាំងឧបករណ៍ សម្ភារៈកែច្នៃ ផលិត និងវេចខ្ចប់មួយចំនួនធំ ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងរឹបអូសបានជាបន្តបន្ទាប់ ៕