បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត នៃកម្មវិធីអាទិភាពទី១ ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តខែមីនា នៃកម្មវិធីអាទិភាពទី១ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង, ឯកឧត្តមប្រធាននាយកដ្ឋាន, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាច្រើនរូប។
កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការពិនិត្យ និងកែសម្រួលសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់កម្មវិធីទី១ ជាពិសេសពិនិត្យលើបញ្ហាដែលមិនទាន់ដោះស្រាយបាន។ ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានមានផ្ដាំផ្ញើដល់គ្រប់ភាគីដែលមានភារកិច្ចពាក់ព័ន្ធត្រូវកិច្ចសហការគ្នា មានសាមគ្គីភាព និងឯកភាពផ្ទៃជាមួយគ្នាឱ្យបានល្អ។ ក្នុងនោះក៏ត្រូវរៀបចំសិក្ខាសាលានានា ក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេស ដល់មន្រ្តីពាក់ព័ន្ធ ឱ្យអនុវត្តការងារតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវ គុណភាព សោភ័ណភាព សុវត្ថិភាព និងភាពធន់ អាចប្រើប្រាស់បានយូរ និងគ្រប់រដូវកាល ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងឯកឧត្តមរដ្ឋមន្រ្តី គឺ ពង្រឹង ៧០% និង ពង្រីក ៣០% ៕