មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះត្រួតពិនិត្យគម្រោងអាងទឹកទំនប់លេខ២ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការី លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោកអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ និងលោកមេឃុំពាក់ព័ន្ធ បានអញ្ជើញអមដំណើរគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ចុះត្រួតពិនិត្យលើគម្រោងអាងទឹកទំនប់លេខ២ ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីឈានទៅធ្វើការអនុវត្តនាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ទំនប់លេខ២នេះ មានទីតាំងស្ថិតក្នុងភូមិសាស្រ្តតំបន់ជ្រោះជ្រៅជ្រលងខាងជើងជួរភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ជាប់នឹងភូមិសាស្ត្រខេត្តកោះកុង ជាទីតាំងសន្តិសុខទឹកប្រកបដោយសក្តានុពលខ្ពស់ជាអតិបរមា អាចផ្គត់ផ្គង់ទឹកដោយនិរន្តរភាពជូនខេត្តពោធិ៍សាត់ទាំងមូល និងខេត្តបាត់ដំបងបានទាំងរដូវប្រាំងនិងរដូវវស្សា ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ក្នុងពេលដែលប្រទេសកម្ពុជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ៕