រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ក្នុងស្រុកស្រែអំបិល
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្ដីជំនាញនៃអង្គភាពអនុវត្តគម្រោង បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែ ប្រវែងប្រមាណ ២០គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ ក្រាលកៅស៊ូ ប្រវែង ៦ម៉ែត្រ និងមានចញ្ចើមផ្លូវសងខាងប្រវែង ១ម៉ែត្រ មានសំណង់ស្ពានចំនួន ៣កន្លែង លូប្រអប់ចំនួន ៥កន្លែង លូមូលចំនួន ២០កន្លែង តភ្ជាប់ពីភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ជាលទ្ធផលការងារសាងសង់សម្រេចបាន ៤៥,៥១% ហើយ គ្រោងនឹងបញ្ចប់ ១០០% នៅចុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមជម្រាបជូនផងដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន ៥ គឺរួមមានខេត្តប៉ៃលិន កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកោះកុង ៕