ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតអបអរសាទរឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា “ឧបនាយករដ្ឋមន្ត្រី”
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តស្ទឹងត្រែងទាំងអស់ បានផ្ញើសារលិខិតអបអរសាទរឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា “ឧបនាយករដ្ឋមន្ត្រី” សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តស្ទឹងត្រែង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សសូមសម្តែងនូវអំណរសាទរដ៏ស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
តួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាសក្តិសមទៅនឹងគុណវុឌ្ឍ និងបទពិសោធន៍ដ៏សម្បូរបែបរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មបម្រើដល់បុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ តួនាទី ប្រកបដោយមោទនភាពនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងការងារជំរុញកំណែទម្រង់វិស័យមុខងារសាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យទទួលបានជោគជ័យ ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមគោរពជូនពរបវរមហាប្រសើរជូន ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងសូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាទទួលនូវសេចក្តីគោរពពីខ្ញុំ ៕