សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន មិនមែនគ្រាន់តែរួមគ្នាគិតទេ ប៉ុន្តែត្រូវរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ភាពជាដៃគូរវាង រដ្ឋនិងវិស័យឯកជននោះ មិនមែនគ្រាន់តែរួមគ្នាគិតទេ ត្រូវរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។
ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «រដ្ឋមិនចង់ដើរតួនាទីជាអ្នកចង្អុលទេ ហើយខ្ញុំចង់ឲ្យតែរដ្ឋ ដកខ្លួនថយឲ្យបានកាន់តែច្រើន ទុកឲ្យឯកជនចូលរួមគិត ចូលរួមដឹកនាំ អនុវត្តតែម្តង នៅក្នុងការធ្វើ តែខ្ញុំថា ភាពជាដៃគូរវាង រដ្ឋនិងវិស័យឯកជននោះ មិនមែនតែ រួមគ្នាគិតទេ រួមគ្នាធ្វើ ហើយរួមគ្នាទទួលខុសត្រូវ» ។
សម្តេចធិបតី គូសបញ្ជាក់បន្ថែមថា អ្វីដែលរដ្ឋអាចជួយ គ្រាន់តែអាចបង្កើតយន្តការ ជួយសម្របសម្រួល ផ្តល់គោលការណ៍មួយចំនួន ប៉ុន្តែវិស័យឯកជន គឺជាអ្នកមកជាមួយគ្នា គិតគូរជាមួយគ្នា លើកយោបល់មករដ្ឋ រដ្ឋឯកភាព ហើយរួមគ្នាអនុវត្តគោលការណ៍បែបនេះ សម្ដេចគិតថា មានតែវិធីសាស្ត្រនេះទេ ទើបយើងអាចជោគជ័យ ហើយធានានូវភាពប្រកួតប្រជែងយើង រយៈពេលវែង ព្រោះធនធានយើងតិចណាស់ តែផ្គុំគ្នាយើងធ្វើបាន ៕