សម្តេចធិបតី៖ ដើម្បីបង្កើនផលវិជ្ជមានជូនពលរដ្ឋ រដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញនូវវិធីសាស្រ្តនានា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងថា ក្នុងរយៈពេល ៤០ ឆ្នាំមកនេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដឹកនាំប្រទេសប្រកបដោយនិរន្តរភាពនិងការច្នៃប្រឌិត តាមរយៈការដាក់ចេញនូវវិធីសាស្រ្តចាំបាច់ជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលអណត្តិទី៧ នេះបានដាក់ចេញកម្មវិធីនយោបាយអាទិភាព៦ ចំណុច និងវិធានគន្លឹះចំនួន៥ ចំណុច ដោយផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ និងផលវិជ្ជមានបន្ថែមទៀតជូនប្រជាជនពលរដ្ឋ។
សម្តេចធិបតី បានបន្ថែមថា អ្វីដែលយើងធ្វើគឺត្រូវគិតទាំងពីរ ទាំងផលវិជ្ជមានដែលត្រូវដាក់ចេញ ហើយកុំភ្លេចមើលចំណុចខ្សោយដែលយើងត្រូវដាក់វិធានការមុតស្រួចដើម្បីកែតម្រូវអោយមានភាពរលូនដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ៕