នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អាណត្តិទី៧ ជាអាណត្តិពង្រឹង មិនមែនជាអាណត្តិពង្រីក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាអាណត្តិពង្រឹង មិនមែនជាអាណត្តិពង្រីកនោះទេ ។
ក្នុងឱកាសអញ្ជើញ ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ នាថ្ងៃទី២២ កុម្ភៈ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ផ្តោតលើគោលដៅចំនួនពីរ គឺពង្រីកសមិទ្ធផលវិជ្ជមានជូនប្រជាពលរដ្ឋ និងខិតខំវាយតម្លៃ កែលម្អ កាត់បន្ថយរឿងអវិជ្ជមាន ដើម្បីដឹកនាំរដ្ឋឱ្យធ្វើដំណើរបានល្អប្រសើរ។
ជាមួយគ្នានោះសម្ដេចធិបតី ចង់ឃើញ លទ្ធផលជាក់ស្តែង ដោយផ្អែកលើមូលដ្ឋានគ្រឹះ តាមមូលដ្ឋានភូមិស្រុក ព្រោះ កំណែទម្រង់មុខងារសាធារណៈ គឺជាកិច្ចការសំខាន់ណាស់ ដើម្បីសម្រេចជោគជ័យលើគោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា។
សូមបញ្ជាក់ថា ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យ សុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង បំផុសចលនាលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ តាមរយៈការផ្តល់ការលើក ទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលនិងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាងនិងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំនិងសុខាភិបាល។ គំនិតផ្តួចផ្តើមនេះ ត្រូវបាន ដាក់ឱ្យអនុវត្ត តាមរយៈអនុក្រឹត្យលេខ៥៤ អនក្រ.បក. ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយ តម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់ រំនិងវិស័យសុខាភិបាល៕