ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាជំរុញឱ្យប្រព័ន្ធដឹកជញ្ជូន ដោយរថភ្លើងធុនស្រាល នៅកម្ពុជាលេចរូបរាងឡើង
ភ្នំពេញ៖ បន្ទាប់ពីជំនួបជាមួយគណៈប្រតិភូកូរ៉េ នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតជូន លោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group នៃប្រទេសចិន ដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមផងដែរពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
ជំនួបនាព្រឹកនេះ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលអំពី វឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន China Metro Group ចំពោះការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើ ដែលរំពឹងថា គម្រោងទាំងពីរនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ៕