ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌល ភូមិភាគទី៣ ខេត្តកណ្តាល
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាលប្រធាន គណៈកម្មាធិការគណបក្សខេត្តកណ្តាលត្ត រួមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ស្ថិតបរិវេណសួនច្បារមាត់ទន្លេរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ឯកឧត្តមសូមអំពាវនាវយ៉ាងមហោឡារឹក ដល់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង១២៧ ព្រមទាំងអង្គបោះឆ្នោតពីគ្រប់គណបក្សនយោបាយ ក្នុងខេត្តកណ្តាល សូមមេត្តាជួយគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ នៅលំដាប់លេខរៀងទី១ នៃសន្លឹកឆ្នោត ដើម្បីរួបរួមគ្នាឈរលើគោលការណ៍ឯកភាពជាតិពីគ្រប់និន្នាការនយោបាយទាំងអស់ឲ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន ការពាររបបរាជានិយម ការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងបន្តពង្រឹងការអភិវឌ្ឍប្រទេសជាតិឲ្យស្ថិតស្ថេរយូរអង្វែង រីកចម្រើនទៅគ្រប់ជំនាន់ ជាបន្តរៀងទៅ ៕