អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុន Nippon Koei របស់ជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Yoishi Matsu ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុន Nippon Koei ដោយក្នុងអង្គពិធីក៏មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្ដាប់មតិយោបល់របស់ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុន Nippon Koei លើទស្សនទានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ក្រោមការសម្របសម្រួលពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីឱ្យគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន ក្នុងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ អាចអនុវត្តទៅបានល្អប្រសើរ និងមានភាពគ្រប់ជ្រុងជ្រោយ។
សូមជម្រាបថា ក្រុមហ៊ុន Nippon Koei គឺជាទីប្រឹក្សាផ្នែកវិស្វកម្មដ៏ទូលំទូលាយឈានមុខគេរបស់ប្រទេសជប៉ុន មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកសម្រាប់ការផ្តល់សេវាកម្មវិស្វកម្មប្រកបដោយគុណភាព។ ជាមួយនិងបទពិសោធន៍ជាង ៧០ឆ្នាំ ដែល Nippon Koei ទទួលបានទំនុកចិត្តលើការធ្វើផែនការ ការរចនា ការត្រួតពិនិត្យការសាងសង់ និងការគ្រប់គ្រងគម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសជាង ១៦០ នៅទូទាំងពិភពលោក ជាមួយបុគ្គលិកប្រមាណ ៤៥០០នាក់៕