សម្ដេចធិបតី៖ ជិត២ខែ កម្ពុជាទទួលបានទេសចរជាង ៨ពាន់នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន១០លើក មកកម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក មកកម្ពុជា។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតីបានបញ្ជាក់ថា នាវាខ្នាតយក្ស ចំនួន ១០លើក រួមមាន៖- SEABOURN ENCORE ចំនួន ៤លើក – WESTERDAM – RIVIERA – AIDA BELLA – SEVEN SEAS EXPLORER – CRYSTAL SYMPHONY – LE JAQQUES CARTER ។
សម្ដេចធិបតីបន្តថា អរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេស តាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ទាញអ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនារបស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕