សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮខេត្តកណ្តាល។
ការប្រារព្ធពិធីបុណ្យមាឃបូជា មានការនិមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដោយមានពិធីរាប់បាត្រ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងការចែកទានដល់លោកតាយាយ ចាស់ព្រឹទ្ធាចារ្យ ជាច្រើននាក់ ដែលបានចូលរួមក្នុងកម្មវិធី ផងដែរ។
បុណ្យមាឃបូជា ជាបុណ្យដ៏សំខាន់មួយ របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែមាឃ ក្នុងគោលបំណង រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងជាការរំលឹកដល់កាលដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូផងដែរ។
ក្រៅពីប្រារព្ធពិធីផ្លូវការយ៉ាងអធិកអធមនៅ ភ្នំព្រះរាជទ្រព្យ ក្រោមអធិបតីភាព សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ពិធីបុណ្យមាឃបូជា ក៏បានប្រារព្ធធ្វើឡើងនៅគ្រប់វត្តអារាម ទូទាំងប្រទេសផងដែរ។
ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាទទួលបានសុខដុមរមនីយកម្មសាសនា ដែលមានសារៈសំខាន់បំផុតធ្វើឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាលំដាប់៕