ថ្ងៃបុណ្យមាឃបូជា! សម្ដេចតេជោ ហ៊ុន សែន៖ ព្រះពុទ្ធសាសនា មិនត្រឹមតែធ្វើឱ្យពលរដ្ឋរស់នៅជាមួយគ្នាដោយសុខសាន្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាការពារអត្តសញ្ញាណជាតិ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃនេះដែរសម្ដេចតេជោ បានឲ្យដឹងបន្តថា ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។
សម្ដេចបន្ថែមថា «នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណាសូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា» ៕