កងយុទ្ធពលខេមរភូមិន្ទមានកាតកិច្ច ត្រូវរក្សាភាពស្មោះត្រង់ ដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍កិតិ្តសង្គបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សបានបញ្ជាក់ថា កងយុទ្ធពលខេមរភូមិន្ទមានកាតកិច្ច ត្រូវរក្សាភាពស្មោះត្រង់ ដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់។
ការថ្លែងរបស់នាយឧត្តមសេនីយ៍កិតិ្តសង្គបណ្ឌិត ហ៊ីង ប៊ុនហៀង បែបនេះធ្វើឡើង នៅថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលសំណេះសំណាលជាមួយនាយពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ។
នាយឧត្តមសេនីយ៍កិត្តិសង្គបណ្ឌិត បានលើកឡើងថា អភិបាលកិច្ចល្អ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ និងអនុវត្តតាមបទបញ្ជា អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយុទ្ធពលខេមរភូមិន្ទមានកាតកិច្ច ត្រូវរក្សាភាពស្មោះត្រង់ ដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្ម និងរាជរដ្ឋាភិបាលស្រប ច្បាប់ និងត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។
នាយឧត្តមសេនីយ៍កិតិ្តសង្គបណ្ឌិត ហ៊ីង ប៊ុនហៀង បន្ថែមថា ទាំងនេះ គីជាកិច្ចការស្នូលអទិភាពដែលកងយុទ្ធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ុងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ៕