តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កែប ជុតិមា ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅការិយាល័យលេខ១០០១ នៃមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៊ីសុវត្ថិ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះមានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩ មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ គឺប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបែងចែកជា ៨ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕