ប្រធានាធិបតីបេឡារុស្ស ប្រកាសថា លោកនឹងឈរឈ្មោះបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ
បរទេស៖ ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ដែលកាន់អំណាចតាំងពីឆ្នាំ១៩៩៤ បានឲ្យដឹងកាលពីថ្ងៃអាទិត្យទី២៥ ខែកុម្ភៈថាលោកមានបំណងស្វែងរកការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយដែលអាចពង្រីកការកាន់កាប់ប្រទេសដល់ ៣៦ឆ្នាំ។
សន្លឹកឆ្នោតកាលពីថ្ងៃអាទិត្យគឺជាការស្ទង់មតិទូទាំងប្រទេសលើកដំបូងចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ ការបោះឆ្នោតនោះបានបង្កឱ្យមានការតវ៉ាដ៏ធំប្រឆាំងនឹងលោក Lukashenko ដែលត្រូវបានគេជឿថាបានបន្លំលទ្ធផលដើម្បីបន្តការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់លោក។
ចាប់តាំងពីពេលនោះមក លោកប្រធានាធិបតីបានរៀបចំការបង្រ្កាបដ៏ធំលើអ្នកប្រឆាំង ដោយដាក់គុកអ្នកប្រឆាំងរាប់រយនាក់ និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យនិរទេសខ្លួន។
មិនមានបេក្ខជនបក្សប្រឆាំងពិតប្រាកដនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យទេ។ គូប្រជែងដែលនិរទេសខ្លួនរបស់លោក Lukashenko បានជំរុញឱ្យប្រជាជនបេឡារុស្សស្នាក់នៅក្នុងផ្ទះ និងធ្វើពហិការមិនចូលរួមការបោះឆ្នោត។ លោក Lukashenko បានព្រមានថាអាជ្ញាធរបានរៀនមេរៀនរបស់យើង ចាប់តាំងពីការតវ៉ាឆ្នាំ២០២០ ហើយនឹងមិនមានការបះបោរ ក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃអាទិត្យទេ។
កាលពីខែមុន សេវាសន្តិសុខ KGB ដ៏មានឥទ្ធិពលរបស់ប្រទេសបេឡារុសបានរៀបចំការវាយឆ្មក់ជាបន្តបន្ទាប់ដែលក្រុមសិទ្ធិមនុស្សបានឲ្យដឹងថាបានកំណត់គោលដៅដល់គ្រួសារអ្នកទោសនយោបាយ។ បច្ចុប្បន្នមានអ្នកជាប់ឃុំនយោបាយចំនួន ១,៤១៩នាក់នៅក្នុងពន្ធនាគារប្រទេសបេឡារុស នេះបើយោងតាមក្រុមសិទ្ធិមនុស្សឈានមុខគេ Viasna។
មេបក្សប្រឆាំងនិរទេសខ្លួនលោក Svetlana Tikhanovskaya បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ច្រានចោលការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ លោក Tikhanovskaya បានបន្តថា ការប៉ុនប៉ងរបស់របបនេះ ក្នុងការប្រើប្រាស់ការបោះឆ្នោតក្លែងក្លាយទាំងនេះ ដើម្បីធ្វើឱ្យអំណាចរបស់ខ្លួនស្របច្បាប់ នឹងមិនទទួលបានជោគជ័យទេ។ លោកបានថ្លែងថា៖ «ប្រជាជនបេឡារុសមើលឃើញតាមរយៈការអាម៉ាស់នេះ» ដោយជំរុញសហគមន៍អន្តរជាតិកុំឲ្យទទួលស្គាល់លទ្ធផលនៃសន្លឹកឆ្នោត។
លោក Lukashenko បានបោះប្រទេសនៅអឺរ៉ុបខាងកើតដែលបិទជិតរបស់លោកទៅជាឯកោកាន់តែជ្រៅចាប់តាំងពីលោកបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីបេឡារុស្សដើម្បីបើកការវាយលុកអ៊ុយក្រែនកាលពីពីរឆ្នាំមុន។ របប Minsk ពឹងផ្អែកខ្លាំងលើទីក្រុងម៉ូស្គូសម្រាប់ការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ច។ លោក Lukashenko បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យើងនឹងនៅជាមួយគ្នាជានិច្ចជាមួយរុស្ស៊ី។
ប្រភព៖ Le Monde
ប្រែសម្រួលដោយ៖ ឡាយ លីហួ