រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយគណៈប្រតិភូអញ្ជើញមកពីសហរដ្ឋអាម៉េរិក
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយគណៈប្រតិភូអញ្ជើញមកពីសហរដ្ឋអាម៉េរិក ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ ជែមស៍ ចូនស៍ (General James L. Jones) អតីតនាយទាហានកងព័ទជើងទឹក នៃសហរដ្ឋអាម៉េរិក បច្ចុប្បន្នកំពុងដឹកនាំក្រុមជំនាញការ ប្រឹក្សាយោបល់លើគោលនយោបាយការបរទេស ផែនការយុទ្ធសាស្រ្ត សន្តិសុខជាតិ និងយុទ្ធសាស្រ្តយោធា។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា វិនិយោគិនជាតិ អន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីទស្សនទាន ចក្ខុវិស័យ និងការវិភាគលើទិដ្ឋភាពនៃការធ្វើធុរកិច្ច និងការវិនិយោគនៅម្ពុជានាពេលបច្ចុប្បន្ន។ ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តំណាងភាគីកម្ពុជា បានលើកឡើងពីកាលានុវត្តភាព និងបរិយាកាសអំណោយផលជាច្រើនចំពោះវិនិយោគិនបរទេស ក្នុងការចូលមកវិនិយោគនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ សមាជិក សមាជិកា នៃអង្គប្រជុំ ក៏បានលើកឡើងពីគោលគំនិតក្នុងការបង្កើនឱកាសពង្រីកអាជីវកម្ម ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជាពិសេស ការបញ្ជ្រៀតចូលនូវផលិតផលក្រោមស្លាកសញ្ញាប្រទេសកម្ពុជា(Made in Cambodia) ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យបានច្រើននាពេលអនាគតផងដែរ ៕