សម្តេចធិបតី៖ កីឡា នាំមកនូវសុខភាពល្អ និងរឹតចំណងសាមគ្គីភាព សុខដុមរមនាក្នុងសង្គមជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំកាយ និងកីឡា តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមរយៈការលេងកីឡា និងបំពាក់ឧបករណ៍កីឡា តាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រលាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិស័យកីឡា បានដើរតួនាទីសំខាន់នៅក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ និងលើកកម្ពស់ផ្លូវចិត្ត ព្រមទាំងបង្កើនផលិតភាពការងារ បង្កើនប្រាជ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព ដែលប្រការនេះជាសុខដុមរមនារវាងប្រជាជន និងប្រជាជន និងសង្គមជាតិទាំងមូល ៕