ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្ញើសាររំលែកទុក្ខ ថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ សូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីចតុមុខសិរីមង្គល ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
សូមជម្រាបជូនថា សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមមជាតិ តទៅអនាគត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងទៅកាន់ព្រះសុគតិភាព និងទីបំផុតនៃព្រះជាតិ សូមបានយាងទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតទ្បើយ ៕