អ្នកវិភាគ៖ ដំណើរទស្សនកិច្ចសម្តេចធិបតី ទៅម៉ាឡេស៊ីដើម្បីពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ជុំវិញដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជារបស់សម្តេចធិបតីហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កៀរគរអ្នកវិនិយោគ និងកិច្ចសហប្របត្តិការលើវិស័យការងារ ធ្វើយ៉ាងណាដើម្បីសម្រួលទៅដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។
អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យ៉ង់ ពៅ បញ្ជាក់ថា៖«ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីតែងតែនាំមកវិញនៅការវិនិយោគ ដូចគ្នាទៅនឹងដំណើរទៅទស្សនកិច្ចទៅម៉ាឡេស៊ីយ៉ាងដូច្នេះដែរ។ លោកបណ្ឌិតជឿជាក់ថា នឹងអាចប្រមូលបានអ្នកវិនិយោគ អភិវឌ្ឍន៍លើវិស័យការងារ និងកិច្ចសហការផ្សេងៗទាក់ទងនឹងការផ្លាស់ប្តូលើវិស័យការងាររវាងកម្ពុជា និងម៉ាឡេស៊ីជាដើម ពីព្រោះកម្ពុជាក៏មានពលករខ្មែរដែលកំពុងធ្វើការនៅទីនោះយ៉ាងច្រើនផងដែរ»។
លោកបណ្ឌិតយង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាក៏អាចពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសដែលមានទំនាក់ទំនងល្អលើវិស័យការងារជាមួយកម្ពុជាលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ផងដែរ ពីព្រោះប្រទេសម៉ាឡេស៊ីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើននៅក្នុងតំបន់ និងមានពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសម៉ាឡេស៊ីផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិតថា ទំនាក់ទំនងរវាងកម្ពុជា-ប្រទេសម៉ាឡេស៊ី ក៏កំពុងនៅលើវិថីមួយល្អជាងពេលណាៗទាំងអស់ផងដែរ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗ និងបច្ចុប្បន្នអាចតែងមានភាពស្វាហាប់លើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងតែងតែក្តោបឱកាសនៃទំនាក់ទំនងល្អនេះមកដើម្បីកៀរគរអ្នកវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតទាំងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។
គូសបញ្ជាក់ថាគូសបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសប្រមាណជាង១,៣លាននាក់ ក្នុងនោះពលករខ្មែរនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង២២០០នាក់៕