សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី។
វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និង តំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០នាក់។
បន្ថែមពីនេះ ក៏មានពិធីចុះអនុស្សរណៈ យោគយល់គ្នាលើឯកសារសំខាន់ៗ ចំនួន ០២ រួមមាន៖ ទី១.សភាពាណិជ្ជកម្ម និង ឧស្សាហកម្មជាតិ ម៉ាឡេស៊ី និងទី២.សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំរុញកាលានុវត្តភាពធុរកិច្ច រវាង ប្រទេសទាំងពីរ។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បី កសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ៕