ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងនាំយកថវិកា ប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក មុំ ស៊ីថា
ភ្នំពេញ៖ អនុវត្តតាមលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សនិងសហការីចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិការបស់សមាគមចំនួន៦លានរៀលប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក មុំ ស៊ីថាមន្រ្ដីប៉ុស្តិ៍នគរបាលការពារព្រំដែនប្ញទ្ធីសែននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានទទួលមរណភាពនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤វេលាម៉ោង០៥ព្រឹកដោយរោគាពាធក្នុងជន្មាយុ៥៣ឆ្នាំ ។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពដែលស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សបានពាំនាំកាចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធាន គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននិងរូបលោកផ្ទាល់ចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបាត់បង់ ប្តី ឪពុក ជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិងធ្លាប់ផ្តល់នូវព្រហ្មវិហារចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ។ មួយវិញទៀតស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួមនិងនិយាយដោយឡែក អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបាត់បង់មន្ត្រីនគរបាលដែលធ្លាប់បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែនក្នុងគ្រាកន្លងមកផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា៖ថវិកាចំនួន៦លានរៀលយកមកប្រគល់ជូននាពេលនេះគឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយអគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានដែលមានទុក្ខធុរៈផ្សេងៗ តាមលក្ខន្តិកៈរបស់សមាគមមន្ត្រីនគរបាលជាសមាជិកឬសមាជិការបស់សមាគមមរណភាព ទទួលបានថវិកាចំនួន៦លានរៀល ស្វាមីឬភរិយារបស់សមាជិក មរណភាព ទទួលបាន២លានរៀល ។
ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលខេត្តក៏បានចូលរួមរំលេកទុក្ខនិងឧបត្ថម្ភថវិកា៣.០៤៥.០០០រៀល ក្នុងកម្មវិធីបុណ្យសព ដែលសរុបថវិកាទាំងអស់ចំនួន៩,០៤៥,០០០រៀល(ប្រាំបួនលានបួនម៉ឺនប្រាំពាន់រៀល) ៕