ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានចំណេះដឹងច្បាប់ នីតិវិធី និងជំនាញឱ្យបានច្បាស់លាស់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានចំណេះដឹង ច្បាប់និង នីតិវិធី និងជំនាញ ឱ្យបានច្បាស់លាស់ ក្នុងនោះការងាររៀនសូត្រជាការងារសំខាន់។
ឧត្តមសេនីយ៍ឯកបានបញ្ជាក់បែបនេះក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញចំនួន០៥វគ្គ សម្រាប់ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកលោក-ស្រីអនុផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងសិក្ខាកាមសរុប៦០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដោយបានណែនាំឱ្យសិក្ខាកាមត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះដឹងឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការយកចំណេះដឹងទាំងនេះដើម្បីយកទៅអនុវត្តការងារចៀសវាងកុំឱ្យខុសទៅនឹងច្បាប់ ខុសនីតិវិធី ឬខុសក្នុងពេលចុះប្រតិបត្តិការ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងទៀតថា មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានចំណេះដឹង ច្បាប់និង នីតិវិធី និងជំនាញ ឱ្យបានច្បាស់លាស់ ក្នុងនោះការងាររៀនសូត្រជាការងារសំខាន់សម្រាប់មន្រ្តីនគរបាលអនុវត្តច្បាប់និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីយកចំណេះជំនាញទាំងនេះបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់និង មិនត្រូវធ្វើជាមន្រ្តីផ្តល់អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនោះឡើយ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញទាំង០៥គឺ សិក្ខាកាមសិក្ខារៀនសូត្រមេរៀនក្នុងផ្នែកមួយចំនួនលើការងារជំនាញព្រហ្មទណ្ឌ, ការងារសណ្តាប់ធ្នាប់ចរាចរណ៍, ការងារអត្តសញ្ញាណកម្ម, ការងារការពារនិងប្រឆាំងការជួញដូរមនុស្ស, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន, វិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ,ការងារនគរបាលសហគមន៍, តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល,បទបញ្ជាផ្ទៃក្នុង, វិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ បបជ, លំហាត់របៀប។
វគ្គបណ្តុះបណ្តាលនេះផងដែរមានរយៈពេល៣០ថ្ងៃ បង្រៀនដោយគ្រូឧទ្ទេសនាមចំនួន២០នាក់ជាលោក-លោកស្រីនាយ នាយរងការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕