គ.ស.ព.ស៖ ការផ្សព្វផ្សាយតាមបណ្តាញថា អេស្កាវ៉ាទ័រកិនពលរដ្ឋនៅខេត្តកោះកុង ស្លាប់ភ្លាម គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន ជាព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញថា «អេស្កាវ៉ាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន» ជាព័ត៌មានក្លែងក្លាយ។
ការចេញមកបញ្ជាក់ជុំវិញភាពច្បាស់លាស់ នៃករណីអេស្កាវ៉ាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ បានធ្វើឡើងបន្ទាប់ពីករណីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបំភ្លៃថា ជាករណីទំនាស់ដីធ្លី។
ករណីអេស្កាវ៉ាទ័រកិនមនុស្សស្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ គឺជាអ្នកដែលជួលអេស្កាវ៉ាទ័រ មកវ៉ៃព្រៃ និងជីកស្រះទឹក នៅចំការរបស់ខ្លួន។ នេះបើតាមការបំភ្លឺពីសាច់ញាតិក្រុមគ្រួសារសព។
មូលហេតុដែលបណ្តាលឱ្យកិនម្ចាស់ចម្ការស្លាប់ ដោយសារតែការធ្វេសប្រហែសរបស់អ្នកបើកបរអេស្ការវ៉ាទ័រ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ខណៈសមត្ថកិច្ច កំពុងស្រាវជ្រាវចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕