កម្ពុជា-ឡាវ-វៀតណាម បើកិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ច CLV-DTA លើកទី១២ នៅខេត្តអាតាពើ ប្រទេសឡាវ
ភ្នំពេញ៖ ឯកឧត្ដម សំបួន ស៊ីហាណាត អគ្គនាយកកិច្ចការសេដ្ឋកិច្ចនិងជាប្រធានអនុគណៈកម្មការសេដ្ឋកិច្ចឡាវ ឯកឧត្តម ប៉ែន សុវិជាតិ ប្រធានអនុគណៈកម្មការសេដ្ឋកិច្ចកម្ពុជា និងឯកឧត្ដម ដួង ហាំង ជុង ប្រធានអនុគណៈកម្មការសេដ្ឋកិច្ចវៀតណាម បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ចក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម លើកទី១២ នៅខេត្តអាតាពើ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងនាមប្រធានអង្គប្រជុំឆ្នាំនេះ ឯកឧត្ដម សំបួន ស៊ីហាណាត ប្រធានអនុគណៈកម្មការសេដ្ឋកិច្ចឡាវ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ផ្តោតលើការពិនិត្យឡើងវិញលទ្ធផលការងារកិច្ចប្រជុំលើកទី១១ ជាពិសេសការរៀបចំតាក់តែងផែនការសកម្មភាពការតភ្ជាប់សេដ្ឋកិច្ចCLVដល់ឆ្នាំ២០៣០។ លើសពីនេះ កិច្ចប្រជុំនេះក៏ពិភាក្សាពីផលលំបាកដែលជារបាំងរារាំងដល់កិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំង៣កាលពីពេលកន្លងទៅ។
តំណាងអោយភាគីកម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការសេដ្ឋកិច្ច បានលើកឡើងថា ប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម សុទ្ធបានថមថយការរីកចម្រើនសេដ្ឋកិច្ចសង្គម ដោយសារជំងឺកូវីដ១៩ ប៉ុន្តែប្រទេសទាំង៣ប្រឹងប្រែងបំពេញការងារ រហូតអនុម័តឯកសារចំនួន២គឺ ផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកៅស៊ូ ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ CLV-DTA ឆ្នាំ២០២០-២០២៥ និងទស្សនវិស័យឆ្ពោះទៅឆ្នាំ២០៣០។
គួរឲ្យដឹងថា កិច្ចប្រជុំនេះ បានពិភាក្សាលើការងារឧស្សាហកម្មកៅស៊ូ ផែនការអភិវឌ្ឍន៍ទេសចរណ៍ ទូរគមនាគមន៍និងព័ត៌មានវិទ្យា ធនាគារនិងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ផែនការសកម្មភាពតភ្ជាប់សេដ្ឋកិច្ច និងផ្សេងៗ។ លទ្ធផលនៃកិច្ចប្រជុំនេះ នឹងបន្តដាក់ជូនដើម្បីសម្រេចនៅកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីជាបន្ត។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាប្រធានអនុគណៈកម្មការសេដ្ឋកិច្ចកម្ពុជា បានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើអោយខេត្តទាំង៤ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ប្រែមុខមាត់ថ្មី ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ការផ្តល់ឱកាសការងារ តំបន់សេដ្ឋកិច្ចពិសេស ទេសចរណ៍។
សូមបញ្ចាក់ថា កិច្ចសហប្រតិបត្តិការCLV-DTA ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងផ្នែកសង្គមកិច្ច ការពារនិងអភិរក្ស បរិស្ថាន វប្បធម៌ យុវជន សុខាភិបាល ធនធានមនុស្ស សន្តិសុខនិងទប់ស្កាត់បទល្មើសឆ្លងដែនជាដើម។