ព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះរាជាសារលិខិត បង្ហាញព្រះទ័យសោកស្តាយពន់ពេក ចំពោះការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះរាជសារលិខិត ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញព្រះហឫទ័យសោកស្តាយពន់ពេក ចំពោះការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជសាររបស់ព្រមមហាក្សត្រ និងសម្តេចម៉ែ មានខ្លឹមសារទាំងស្រុងថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ខ្ញុំម្ចាស់បានទទួលដំណឹងដ៏ក្រៀមក្រំបំផុត អំពីការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេព វេលាម៉ោង ១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ ព្រះវស្សា។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខ្ញុំម្ចាស់ មានហឫទ័យសោកស្តាយពន់ពេកណាស់ ចំពោះការយាង ចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ដែលជាសម្ដេចព្រះសង្ឃរាជ មួយព្រះអង្គមានចំណេះដឹងដ៏ធំធេងរបស់ប្រជាជាតិយើង បានខិតខំអស់ព្រះកាយពលដឹកនាំព្រះសង្ឃ និងបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដោយបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ប្រតិបត្តិពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្ដមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ សូមថ្វាយ ព្រះដំណើរព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបានយាងទៅ កាន់សុគតិភពកុំបីខាន»៕