អភិបាលរងខេត្តក្រចេះ៖ ជោគជ័យរបស់វិស័យអប់រំ ត្រូវពឹងផ្អែកលើសមត្ថភាពរបស់គ្រឹះស្ថានអប់រំនៅគ្រប់កម្រិត ដែលមានទាំងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកអប់រំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ញើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត តំណាងដៃគូអង្គការ លោកគ្រូ អ្នកគ្រូ ការិយាល័យអប់រំក្រុង ស្រុកទាំង៧ ផងដែរ។
បើតាមលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៣កន្លងទៅនេះមន្ទីរអប់រំ បានគ្រោងសកម្មភាពក្នុងផែនការប្រតិបត្តិប្រចាំ ឆ្នាំ២០២៣ ចំនួន១៨៨សកម្មភាព ក្នុងនោះអនុវត្តចប់ ចំនួន១៧២ ស្មើនឹង៩១.៥% កំពុងអនុវត្តចំនួន៥សកម្មភាព ស្មើនឹង២.៧% និងមិនបានអនុវត្តចំនួន១១សកម្មភាព ស្មើនឹង៥.៩%។ សកម្មភាពដៃគូគ្រោងចំនួន៧៦សកម្មភាព ក្នុងនោះអនុវត្តចប់ចំនួន៧០សកម្មភាព ស្មើ៩២.១០% និងមិនបានអនុវត្ត ចំនួន៦សកម្មភាព ស្មើ៧.៨៦%។ កុមារអាយុ៥ឆ្នាំទទួលបានការអប់រំកុមារតូចតាមគ្រប់រូបភាព៦២.៣២% ចំណុចដៅ ៥៧% អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សា ៩០% ចំណុចដៅ ៨៥% អត្រាបញ្ចប់ការសិក្សាមធ្យមសិក្សាបឋមភូមិ ៤៤.៣០% ចំណុចដៅ ៥៩% សូចនាករស្នូល ៦ សម្រេចចំណុចដៅ ៣ មិនសម្រេច ៣។
ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងដំណាក់កាលថ្មីនេះ រាជរដ្ឋាភិបាល និងអៅយប្រសិទ្ធភាពអប់រំ ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលដៅជាយុទ្ធសាស្ត្រ គឺអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការយកចិត្តទុកដាក់លើការអប់រំកាយសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា កម្ពុជាត្រូវតែមានប្រព័ន្ធអប់រំមួយ រឹងមាំដែលមានធនធានគ្រប់គ្រាន់ មានអភិបាលកិច្ចល្អ និងមានតុល្យភាពដោយចាត់ទុកសមធម៌ បរិយាបន្ន ប្រសិទ្ធភាព និងស្តង់ដាគុណភាពខ្ពស់ក្នុងបរិបទប្រកួតប្រជែងសង្គមពុទ្ធិនៃសម័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលទាំងថ្នាក់តំបន់ និងសកល ហើយការអភិវឌ្ឍមូលធនមនុស្សគឺជា កិច្ចការសំខាន់សម្រាប់ដំណើរការអភិវឌ្ឍជាតិដែល រដ្ឋបាលខេត្ត បានខិតខំបង្កើតឱ្យមានបរិយាកាសល្អ សម្រាប់ពង្រឹងគុណភាព និងជំនាញខ្ពស់ក្នុងវិស័យអប់រំ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយផ្ដោតលើការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា និងសាលាបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈគ្រប់កម្រិត ជំរុញឱ្យមានការចុះឈ្មោះចូលរៀនជំនាញ និងបង្កើនជំនាញ ពង្រឹងការអប់រំកាយ និងកីឡាក្រោមពាក្យស្លោក «យុវជនម្នាក់ មានជំនាញមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។
ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមទៀតថា ជាការពិតណាស់ ជោគជ័យរបស់វិស័យអប់រំ ត្រូវពឹងផ្អែកជាចម្បងលើសមត្ថភាពរបស់គ្រឹះស្ថានអប់រំនៅគ្រប់កម្រិត ដែលមានទាំងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកអប់រំ អ្នកគ្រូ លោកគ្រូដែលជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងចំណេះដឹងផ្នែកទ្រឹស្ដី និងទាំងការអនុវត្ត។ ជាងនេះទៅទៀត នៅក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារសេរីជោគជ័យទាំងនេះ មិនអាចកាត់ផ្ដាច់បានពីការចូលរួមយ៉ាងសកម្មពីសំណាក់ផ្នែកឯកជន និងបណ្ដាអង្គការដៃគូអភិវឌ្ឍឡើយ ៕