អគ្គនាយករង ប.ស.ស ចូលរួមពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ”
ភ្នំពេញ៖ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញអមឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
ការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈ នាពេលនេះ ជាការបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់ទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុកមន្ត្រីសាធារណៈ រួមមាន៖ សហព័ទ្ធ និងកូន របស់មន្ត្រីសាធារណៈ ដែលពួកគាត់អាចទៅប្រើប្រាស់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូជាមួយ ប.ស.ស. តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. និងការទទួលបានប្រាក់បំណាច់មាតុភាព ពី ប.ស.ស. ផងដែរ។
តាមរយៈពិធីផ្សព្វផ្សាយនេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញ និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍ជូនសមាជិករបស់ខ្លួន៕