សម្តេច ម៉ែន សំអន ដឹកនាំគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀង គោរពព្រះវិញ្ញាណក្ខន្ធសម្តេចសង្ឃ ទេព វង្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គត កាលពីថ្ងៃថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ការយាងចូលទិវង្គតរបស់ព្រះអង្គ ជាការបាត់បង់ដ៏ធំធេងរបស់ជាតិនិងប្រជាជនកម្ពុជា។ ក្នុងពេញមួយព្រះជន្មរបស់សម្តេច សម្តេចបានខិតខំអស់ព្រះកាយពល ធ្វើពលិកម្មគ្រប់បែបយ៉ាង បូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសសម្តេចបានធ្វើពលិកម្ម ដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតអស់ព្រះជន្ម។
ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំ សម្តេចតេជោ ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលំឱនកាយថ្វាយបង្គំគោរពដល់ព្រះសព និងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕