មេបញ្ជាការយោធភូមិភាគទី៥ បើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខ ឆ្នាំ២០២៤
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
មានប្រសាសន៍បូកសរុប ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចរយ:ពេល ១ឆ្នាំកន្លងមក ពិតជាបានទទួលលទ្ធផលល្អប្រសើរ ទទួលបាននូវផ្លែផ្កាគួរជាទីមោទន:។ ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ធ្វើឱ្យគ្រប់អង្គភាពបានអនុវត្តជាប្រចាំនាំឱ្យយើងធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ ជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ទប់ស្កាត់ពលករ។ល។ សរុបមកវិញរយ:ពេល១ឆ្នាំកន្លងមកនេះ គ្រប់អង្គភាពចំណុះយោធភូមិភាគទី៥យើង បានរួមចំណែកអនុវត្តបានល្អតាមបទបញ្ជា តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ពិសេសមេបញ្ជាការកងទ័ពជើងគោក ដែលធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ គឺនៅពេលជួបការលំបាកគេតែងឃើញវត្តមានកងទ័ពយើងបានចុះជួយជានិច្ច។
លទ្ធផលដែលយើងទទួលបានគឺពិតជាការរួមចំណែកពី នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៅក្នុងយោធភូមិភាគទី៥ទាំងមូល ដែលបានចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវខ្ពស់។
ទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ ស្នើគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ ត្រូវបន្តយកចិត្តទុកដាក់គោរពអនុវត្តឱ្យបានតាមបទបញ្ជា សារាចរ ការណែនាំ ផែនការ របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់លើគ្រប់ជាន់ថ្នាក់ ត្រូវមានការជឿជាក់ ស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបរវធបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ខិតខំអនុវត្តបានល្អលើភារកិច្ចការពារជាតិ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ត្រូវពង្រឹងពង្រីកសមត្ថភាពហើយបន្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ លើ៤ខ្លឹមសារ របស់យោធភូមិភាគទី៥ ត្រូវចូលរួមយ៉ាងសកម្មបម្រើប្រជាពលរដ្ឋគ្រប់កាល:ទេស: និងយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់សមាជិកអតីតយុទ្ធជន សូមរួមសាមគ្គីភាពឯកភាពគ្នា បន្តនូវប្រពៃណីដ៏ល្អផូរផង់នេះជានិរន្តរ៍រៀងរហូត និងបេ្តជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវ បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ។
ក្នុងឱកាសនេះផងដែរក៏មានការប្រគល់ជូន ទង់ជ័យលាភី ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់អង្គភាពមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាពផងដែរ៕