ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ដែល បានពុះពារប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត រួបរួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ។
ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍ គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែសកម្មថែមទៀត ក្នុងនោះ៖
១-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យបានកាន់តែ សកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន។
២-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបាន ជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។
៣-ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ ៕