មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងចាប់ផ្តើមពីថ្ងៃទី២ ដល់៦ខែមីនា
ភ្នំពេញ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា-ស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី២-៦ខែមីនា។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបោះឆ្នោតជ្រើសរើស«ក្រុមប្រឹក្សា» នៅព្រឹកថ្ងៃទី១ ខែមីនានេះ ឯកឧត្តម បានបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ ស្តីពី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ហើយ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ ភាពមានសិទ្ធិឈរឈ្មោះជាបេក្ខជន ត្រូវមានសញ្ជាតិខ្មែរពីកំណើត, មានអាយុយ៉ាងតិច២៥ឆ្នាំ, មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ស្ដីពីការ បោះឆ្នោត, បានអនុវត្តសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកល លើកចុង ក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប លើក លែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះ មានមូលហេតុសមស្រប។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយអ្នកបោះឆ្នោតនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង១.៦៥២នៅទូទាំងប្រទេស ដែលមាន ចំនួនសរុបចំនួន១១.៦២២នាក់។
ចំនួនក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន១ក្រុង ដែលធ្វើឱ្យចំនួនអាសនៈ ក្រុមប្រឹក្សានេះ កើនឡើងចំនួន៥អាសនៈ។ ពោលគឺ មានក្រុង ស្រុក ខណ្ឌចំនួន២០៩ ដែលធ្វើឱ្យ ចំនួនអាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន៣.៦៤១អាសនៈ ខណៈចំនួនអាសនៈ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត រក្សា ៥៥៩អាសនៈ៕