រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ ៣គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ១ឆ្នាំ នៅខេត្តតាកែវ ១គ្រឿង និងខេត្តកំពង់ស្ពឺ ២គ្រឿង
ភ្នំពេញ៖ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ឯកឧត្តម គឹម សាន់ និងឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យទម្ងន់យានយន្តនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ សរុបបានចំនួន ១០គ្រឿង ក្នុងនោះ រថយន្ត ០៤ គ្រឿងលើសទម្ងន់កម្រិតកំណត់។ ក្នុងចំណោមរថយន្តទាំង ៤គ្រឿង រថយន្ត ៣គ្រឿង ត្រូវពិន័យ និងឃាត់ទុក១ឆ្នាំ ដែល ២គ្រឿងឃាត់នៅខេត្តកំពង់ស្ពឺ និង១គ្រឿងទៀត ឃាត់នៅខេត្តតាកែវ។
រថយន្តល្មើសទាំង ០៣គ្រឿងខាងលើ បានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ទន្ទឹមនឹងនេះ ក្រសួងសូមស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមាន ការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕