ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញសម្ពោធសមិទ្ធផលមួយចំនួននៅវត្តអន្សោង ក្នុងស្រុកកំពង់ត្របែក
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលមួយចំនួនរួមមាន៖ កុដិ និងស្រះទឹក ស្ថិតនៅវត្តអន្សោង ក្នុងភូមិអន្សោង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ពិធីដ៏អធិកអធមនេះ ក៏មានការចូលពីឯកឧត្តម អនុរដ្ឋលេខាធិការ លោកអភិបាលស្រុក ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ ព្រមទាំងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងក្រុមការងារភូមិ-ឃុំអន្សោងជាច្រើនរូបផងដែរ។
អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនរបស់ព្រះគ្រូចៅអធិការវត្ត អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្តអន្សោង និងជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរួមសាមគ្គីក្នុងស្មារតីគោរពប្រតិបត្តិ និងជួយលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
បន្ថែមពីនេះ ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា សមិទ្ធផលកុដិ និងស្រះទឹក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងវត្តអន្សោងនាពេលនេះ គឺជាគរុណភណ្ឌរបស់ព្រះសង្ឃ ជាអ្នកសមាទានសីលដើម្បីសម្រេចបាននូវសមាធិ និងបញ្ញា ហើយសប្បុរសជន អ្នកដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមចំណែកកសាងក្នុងវិស័យព្រះពុទ្ធសាសនានេះនឹងទទួលបាននូវចំណែកបុណ្យកុលស សេចក្តីសុខចម្រើន និងសុភមង្គល តាមសេចក្តីប្រាថ្នារៀងៗខ្លួន។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ឯកឧត្តម សន្តិបណ្ឌិត តាងនាមឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអន្សោង សូមចូលរួមអបអរសាទរជាមួយព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទទាំងអស់ ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ និងស្រះទឹក ស្ថិតក្នុងបរិវេណទីអារាមវត្តអន្សោងនាពេលនេះ ដែលនេះជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងទីអារាម វត្តអន្សោង ឆ្លុះបញ្ចាំងអំពីសទ្ធាជ្រះថ្លា សាមគ្គីភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានភូមិឃុំនេះ ៕