ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព និង រំលែកទុក្ខ លោកជំទាវ កុត ប៊ុនមី ដែលបានបាត់បង់ស្វាមី
ស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត នាថ្ងៃទី២ ខែ មីនា ឆ្នាំ២០២៤នេះ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ភូ សុមិត្ត ដែលជាស្វាមី លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត ។ ដោយក្នុងនោះ លោក ភូ សុមិត្ត ដែលបានទទួលមរណភាព ដោយ រោគាពាធ កាលពីវេលាម៉ោង ១០ និង ៤២ នាទីព្រឹក នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៩ឆ្នាំ ។
ឯកឧត្តម ស្វាយ សំអ៊ាង តាងនាមជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះលោកជំទាវ កុត ប៊ុនមី និង ក្រុមគ្រួសារនៃ សព ដែលបានបាត់បង់ លោក ភូ សុមិត្ត ដែលជា ស្វាមី ឱពុក និង ជីតា នាពេលនេះ។
ឯកឧត្តមបានចាត់ទុកថា មរណៈភាពរបស់លោក ភូ សុមិត្ត គឺជាការបាត់បង់ ស្វាមី ឳពុក ឳក្មេង ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ និងបានអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជាពលរដ្ឋល្អ។
ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទឹសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់លោក ភូ សុមិត្ត បានសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានឧបត្ថម្ភ ជា អង្ករ ទឹកបរិសុទ្ធ ទឹកផ្លែឈើនិងថវិកា ចំនួន ០២ លានរៀល ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕