សម្តេចធិបតី៖ ចង់បញ្ចេញមតិគាំទ្រ ឬ មិនគាំទ្រសម្ដេច គឺជារឿងធម្មតា ព្រោះជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋដែលចង់បញ្ចេញមតិគាំទ្រ ឬ មិនគាំទ្រសម្ដេច គឺជារឿងធម្មតា ព្រោះជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីថ្លែងបែបនេះ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋខ្មែរមួយក្រុមនៅប្រទេសអូស្ត្រាលី ដែលចេញមកតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេច ធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីនៃការរួបរួមគ្នាគឺជារឿងដែលមិនអាចកាត់ថ្លៃបានចំពោះ កត្តាសុខសន្តិភាពនៃប្រទេសជាតិរបស់យើង។
សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី៕