មេបញ្ជាការកងពលតូចលេខ៧០ បើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ កងទ័ពជើងគោក
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក KIYOSHI MASAI ប្រធានអង្គការ JPR ប្រទេសជប៉ុន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ការបើកវគ្គហ្វឹកហ្វឺននេះ គឺដើម្បីផ្តល់ចំណេះដឹងផ្នែកពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ឱ្យកាន់តែស្ទាត់ជំនាញងាយស្រួលក្នុងការបំពេញភារកិច្ចផ្សេងៗ ជូនដល់អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមកពីយោធភូមិភាគទី៤ យោធភូមិភាគទី៥ កងពលធំទី២ កងពលធំទី៣ បញ្ជាការដ្ឋានទ័ពពិសេស កងពលតូចអន្តរាគម៍លេខ១ និងកងពលតូចលេខ៧០ ដើម្បីធ្វេការហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយក្រោមការជួយឧបត្ថម្ភរបស់អង្គការ JPR ប្រចាំនៅកម្ពុជាដើម្បីបង្កើនសមត្ថភាពហ្វឹកហ្វឺនជាគ្រូបង្គោលដល់កងសង្គ្រោះរបស់អង្គភាពទាំង៦ រួមទាំងកងពលតូចលេខ៧០ ។
ឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវតែខិតខំហ្វឹកហាត់ ដាក់កាយដាក់ចិត្តយកអស់ស្មារតីរៀនសូត្រ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដើម្បីយកចំណេះជំនាញនេះ មកបម្រើអង្គភាព ក៏ដូចជាប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ អោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕