អ្នកនាំពាក្យ៖ ជាង២ម៉ឺនសេវាដែលមន្រ្តីអត្តសញ្ញាណកម្មផ្ដល់ជូនពលរដ្ឋរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាល
ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាលកាលពីសប្ដាហ៍កន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន២០.២៥៥សេវា នៅទូទាំងប្រទេស។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងចំណោមសេវាសរុបនោះ សេវាអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរមានចំនួន៧.៣២៣សន្លឹក លិខិតឆ្លងដែនមានចំនួន៦.៥៣៣លិខិត លិខិតធ្វើដំណើរមានចំនួន១.៨៩៤លិខិត សៀវភៅស្នាក់នៅមានចំនួន២.៨២៦ក្បាល និងសៀវភៅគ្រួសារមានចំនួន១.៦៧៩ក្បាល។
គុណភាព និងស័ក្ដិសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងសេវាអត្តសញ្ញាណកម្ម គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយក និងជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម បាននឹងកំពុងធ្វើកំណែទម្រង់ដោយដាក់ចេញការប្ដេជ្ញាចិត្ត«បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ» ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»របស់ឯកឧត្តមអភិសន្តិបណ្ឌិត៕