រដ្ឋលេខាធិការក្រសួងកសិកម្ម ចូលរួមទិវាស្រែឆ្លាតវៃសម្របទៅតាម បម្រែបម្រួលនៃអាកាសធាតុ នៅភូមិទួលស្វាយ ខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាស្រែឆ្លាតវៃសម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុ នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអភិបាលរងខេត្ត មន្ទីរកសិកម្មខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករចំនួន៨០នាក់។
សម្រាប់ពិធីនេះ មន្ទីរកសិកម្មខេត្តតាកែវបានជ្រើសរើសទីតាំងភូមិ ឃុំ ខាងលើ ក្នុងគោលបំណងសំខាន់ ដោយហេតុថា ក្រសួងបានធ្វើស្រែគំរូចំនួន ៥ហិកតា នៅក្នុងភូមិទួលស្វាយា ឃុំអង្គប្រាសាទ ដោយប្រើប្រាស់ពូជសុទ្ធរបស់អគ្គនាយកដ្ឋានកសិកម្ម និងអនុវត្តតាមបច្ចេកទេសដាំដុះសមស្របសម្រាប់ស្រូវប្រាំង ទទួលបានទិន្នផល៦តោន/ហិកតា។
ជាលទ្ធផល ការប្រើប្រាស់ពូជសុទ្ធ និងបច្ចេកទេសដាំដុះត្រឹមត្រូវ បានបង្កើនទិន្នផល ការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ៕