អភិបាលខេត្តតាកែវ ជម្រុញដល់ស្រ្តី ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានល្អ តាមរយៈការស្រាវជ្រាវលើមុខជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្ន
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី បានអញ្ជើញជួបសំណេះសំណាលជាមួយ ស្រ្ដីបំរើការងារនៅរដ្ឋបាលសាលាខេត្តតាកែវ ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និងបងប្អូនជានារី បំរើការងារនៅ រដ្ឋបាលសាលាខេត្តតាកែវ ជាង ៥០នាក់។
មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រុញដល់ស្រ្តី ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានល្អប្រសើរបន្ថែមទៀត តាមរយៈការខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន ពិសេសជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្នជាសង្គមឌីជីថល ព្រោះការរៀនសូត្រវាគ្មានទីបញ្ជប់នោះទេពោល គឺរៀនពេញមួយជីវិតរបស់យើង រកអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងអស់នោះ ទៅជួយអភិវឌ្ឍស្ថាប័នរបស់ខ្លួន ពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍សង្គមជាតិអោយមានការរីកចម្រើនក្រោមម្លប់នៃសន្ដិភាព។
បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បានប្រគល់កាដូរជូនទុកជាវត្ថុអនុស្សាវរីយ៍ ដល់បងប្អូននារី ដែលកំពុងបំរើការងារនៅរដ្ឋបាលសាលាខេត្តតាកែវ ទាំងអស់ផងដែរ ៕