ថៅកែជនជាតិថៃ ទទួលរ៉ាប់រងរាល់ការចំណាយផ្សេងៗ ក្នុងការព្យាបាលពលរដ្ឋខ្មែរ ២៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ
ភ្នំពេញ៖ បើតាម សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ឲ្យដឹងថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួលបន្ទុកទាំងអស់ ករណីពលករខ្មែរ ២០នាក់ និងកុមារ ៥នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ ។
ជុំវិញករណីនេះ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកណាឌី ខេត្តប្រាជីនបុរី ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មានពលករខ្មែរចំនួន ២០នាក់ និងកុមារចំនួន ៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅស្ថិតក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការនៅស្រុកណាឌី ខេត្តប្រាជីនបុរីប្រទេសថៃ។
គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន ២នាក់ និងស្រាលចំនួន ២៣នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន ២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្រ្គោះបឋមរួចហើយ ត្រូវបានថៅកែថៃទទួលយកទៅកន្លែងស្នាក់នៅវិញ។
ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ក៏បានបញ្ជាក់ថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួលបន្ទុកទាំងអស់៕