សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានបញ្ជូនមកដល់គណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីធ្វើការពិនិត្យសិក្សាវាយតម្លៃ និងផ្តល់យោបល់
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលហៅកាត់ថា គណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិនិត្យវាយតម្លៃ និងផ្តល់យោបល់បន្ថែមលើ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ។
កិច្ចប្រជុំបានប្រព្រឹត្តនៅ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការទី៩ ព្រមទាំងតំណាងគណៈកម្មការជំនាញផ្សេងទៀតនៃព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនារសៀលនេះ រៀបចំឡើងបន្ទាប់ពី “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានរដ្ឋសភាបោះឆ្នោតអនុម័ត ក្នុងសម័យប្រជុំជាវិសាមញ្ញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងបានបញ្ជូនមកដល់ព្រឹទ្ធសភាដើម្បីពិនិត្យវាយតម្លៃ និងផ្តល់យោបល់បន្ថែម កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗ។
បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ពីរដ្ឋសភា គណៈកម្មការទី៩ បានអនុវត្តតាមនីតិវិធីបន្ត ដោយធ្វើការស្នើសុំយោបល់ពី សមាជិក សមាជិកាព្រឹទ្ធសភា។
ជាលទ្ធផល ឆ្លងតាមកិច្ចប្រជុំនាថ្ងៃនេះ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា អនុម័តទាំងស្រុង។ សម្រាប់ជំហានបន្ទាប់ សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានាពេលឆាប់ៗខាងមុខ ៕