នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការស្ដីពីការអនុវត្តមណ្ឌលហិរញ្ញវត្ថុកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការស្ដីពីការអនុវត្តមណ្ឌលហិរញ្ញវត្ថុកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា កិច្ចការងារមណ្ឌលហិរញ្ញវត្ថុកម្ពុជាគឺមានភាពចាំបាច់សម្រាប់ក្រសួងមហាផ្ទៃ នាពេលខាងមុខ ក្នុងការចូលរួមអនុវត្តជាមួយនឹងគណៈកម្មការដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចនេះ កិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីរួមគ្នាពិនិត្យលើផែនការអនុវត្តគម្រោងមណ្ឌលហិរញ្ញវត្ថុកម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៣។
ឯកឧត្តម បានបន្ថែមថា ក្រុមការងារត្រូវពិភាក្សា និងផ្ដល់ធាតុចូលលើការងារពាក់ព័ន្ធដែលត្រូវអនុវត្ត និងសម្របសម្រួលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ រួមមានបញ្ហាបទល្មើស ការងារអន្តោប្រវេសន៍ ការងារអត្តសញ្ញាណកម្ម ការងារតំឡើងប្រព័ន្ធបច្ចេកវិទ្យាដើម្បីពិនិត្យមើលលទ្ធភាព និងផែនការទប់ស្កាត់បញ្ហាឆបោកនានា ជាដើម៕