រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំសង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ នាពេលខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនាពេលខាងមុខនេះ ដោយរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ។
ក្នុងនោះឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារធ្វើយ៉ាងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះឱ្យកាន់តែអធិកអធមថែមទៀត ពិសេសរៀបចំនូវស្ដង់ដែលបង្ហាញអំពីផលិតផលកសិផល ឬសក្ដានុពលដែលមាននៅតាមក្រុង ស្រុកទាំង១៤ក្នុងខេត្ត ក៏ដូចជាផលិតផលក្នុងស្រុក ការរៀបចំទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយ រៀបចំតំបន់ត្រជាក់ចិត្តឱ្យបានល្អដោយត្រូវធ្វើការគិតគូរទាំងសុវត្ថិភាពជូនដល់អ្នកដែលបានមកលេងកំសាន្តនៅតំបន់នេះ និងយកចិត្តទុកដាក់បន្ថែមលើការរៀបចំទៅតាមតំបន់សំខាន់ៗនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ខាងមុខនេះ ។
ក្នុងនោះដែរឯកឧត្តម សុខ លូ បានណែនាំ ត្រូវពង្រឹងដល់សន្ដិសុខ សណ្ដាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីផ្ដល់នូវទំនុកចិត្តរបស់គាត់ លេងកំសាន្តក្រុងបាត់ដំបង ដោយមិនមានភាពភ័យខ្លាចផ្នែកសន្ដិសុខឡើយ៕