មន្ត្រីរាជការនិងបញ្ញវន្តនៅកម្ពុជាចាត់ទុក មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ប្រទេសចិន
———————-
ភ្នំពេញ៖ មន្ត្រីរាជការនិងបញ្ញវន្តនៅកម្ពុជាបានថ្លែងចាត់ទុកមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដែលសំដៅលើ កិច្ចប្រជុំមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន និង កិច្ចប្រជុំមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនថា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់គោលដៅ អភិវឌ្ឍន៍ប្រទេសចិន ជារៀងរាល់ឆ្នាំ។
ថ្លែងក្នុងវេទិកាស្តីពី «ការចែករំលែកកាលានុវត្តភាពប្រទេសចិន ពួតដៃអភិវឌ្ឍទៅមុខដោយឈ្នះ-ឈ្នះ» នារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងពីការតាមដាន ប្រកបដោយការយកចិត្តទុកដាក់ លើមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដោយអ្នកស្រីសង្កេតឃើញថា របៀបវារៈក្នុងកិច្ចប្រជុំដ៏ធំនេះ គឺផ្តោតលើសេដ្ឋកិច្ច, ការលើកកម្ពស់ជីវភាពប្រជាជន, ប្រាក់បៀវត្សរ៍ និង ការអភិវឌ្ឍ។
រីឯ អ្នកស្រី ជា កេសរភារម្យ មន្ត្រីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានលើកឡើងដែរថា របៀបវារៈមួយទៀត ដែលអ្នកស្រីគិតថា មានសារៈសំខាន់ផងដែរនោះ គឺនិយាយទាក់ទងនឹង គោលនយោបាយការបរទេស។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ដែរថា មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ក៏ផ្តោតលើរបៀបវារៈ ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសចិន ដោយលោកមើលឃើញពីជីវភាពរបស់ប្រជាជន មានភាពល្អប្រសើរ កាន់តែច្រើន ជាពិសេស រាប់ចាប់តាំងពីតំបន់ជនបទ។
សម្រាប់ឯកឧត្តមបណ្ឌិត ចាប់អារម្មណ៍ចំណុចនេះជាងគេ ក្នុងមហាសន្និបាតនេះ ខណៈដែលចំណុចសំខាន់មួយទៀត គឺប្រព័ន្ធសុខាភិបាលរបស់ប្រទេសចិន ដែលគិតគូរខ្ពស់ ពីសុខភាពរបស់ប្រជាជន ជាមួយនឹងការយកចិត្តទុកដាក់លើការថែរក្សាបរិស្ថាន។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍ផ្លូវការ ប្រទេសចិនសម្រេចបានគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រចាំ២០២៣ ដោយគាប់ប្រសើរ គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់ចិន ក្នុងឆ្នាំ២០២៤នេះ គឺផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល៥%ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទកើនឡើងជាង១២លាននាក់។
មន្ត្រីរាជការនិងអ្នកស្រាវជ្រាវទាំងនោះក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងចិន ក្នុងនោះ មានការលើកឡើងថា ចិនគឺជាដៃគូពាណិជ្ជកម្មបរទេស និងប្រភពទុនវិនិយោគបរទេសធំជាងគេ នៅកម្ពុជា នាពេលបច្ចុប្បនេះ។
ពួកគេក៏បានលើកឡើងពីសេដ្ឋកិច្ចឌីជីថលដ៏អស្ចារ្យ របស់ប្រទេសចិន ក៏ដូចជា កិច្ចសហប្រតិបត្តិការនៃការទូទាត់ប្រាក់រៀល និងប្រាក់យន់ចិន តាមអនឡាញ រវាងកម្ពុជា និងចិនផងដែរ។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ គិតថា ការទូទាត់ប្រាក់នេះ មានតែប្រទសចិនទេ ដែលឈានមុខគេ ហើយលោកធ្លាប់បានទៅប្រទេសចិន និងសហរដ្ឋអាមេរិក ប្រមាណ១០ឆ្នាំមុន ទើបលោកបានដឹងច្បាស់ថា ចិនដាក់ចេញការទូទាត់តាមទូរស័ព្ទដៃ មុនសហរដ្ឋអាមេរិក ទៅទៀត។
ក្នុងវេទិកា នាពេលនោះ ក៏មានវាគ្មិនពីររូប អញ្ជើញមកពីស្ថានទូតចិនប្រចាំកម្ពុជាផងដែរ គឺអ្នកនាង Luo Si អនុព័ន្ធនៃស្ថានទូតចិន និងអ្នកនាង Guo Yi លេខាទី២ នៃស្ថានទូតចិន។ ពួកគេបានយល់ស្របចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងកម្ពុជានិងចិន ទាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ ពួកគេលើកឡើងដែរថា ១២ឆ្នាំមកហើយ ដែលចិននៅតែជាដៃគូពាណិជ្ជកម្ម ធំជាងគេ របស់កម្ពុជា។
ទាំងវាគ្មិនខ្មែរ និងវាគ្មិនចិនបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ទាក់ទងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ក្នុងបរិយាកាសប្រកបដោយអត្ថន័យ ក្នុងឱកាសនៃមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដែលបាននិងកំពុងប្រព្រឹត្តទៅ នាទីក្រុងប៉េកាំង។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ប្រទេសចិនយកចិត្តទុកដាក់លើពហនុនិយម មានន័យថា ជាការចងមេត្រីភាពជាមួយគ្នា តួយ៉ាង ដូចជា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន គឺមានសារៈសំខាន់ណាស់ មានន័យថា សម្ព័ន្ធភាពទីផ្សារដ៏ធំ រួមចំណែកក្នុងការអភិវឌ្ឍ ការចែករំលែកនូវសហគមជោគវាសនារួមតែមួយ ជាមួយគ្នា ហើយពិភពលោកដើរទៅជាមួយគ្នា ដោយពុំមានការបែងចែក។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក ដែលកំពុងមានដំណើរការដោយរលូន ក្នុងនោះ ចិននិងកម្ពុជាគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលគួរឲ្យរៀនសូត្រតាម។ ក្នុងពេលនោះដែរ ក៏មានលើកឡើងថា ការអភិវឌ្ឍ របស់ប្រទេសចិនបានផ្តល់កាលនុវត្តភាពដល់កម្ពុជា ក៏ដូចជា ពិភពលោក ទាំងមូល៕