ប្រធានរដ្ឋសភាកម្ពុជា ជួបសន្ទនាជាមួយប្រធានាធិបតីបារាំង
ភ្នំពេញ៖ នាថ្ងៃទីពីរនៃការចូលរួមកិច្ចប្រជុំប្រធានសភាស្រ្តីពិភពលោក នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងប្រធានសភាជាស្រ្តីមកពីប្រទេសចំនួន២៥ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលបានការអញ្ជើញពីឯកឧត្តមប្រធានាធិបតី តាមរយៈលោកជំទាវប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង។
ក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានឆ្លៀតសន្ទនាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រកបដោយភាពស្និទ្ធស្នាលនិងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជានិងប្រទេសបារំាង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏ល្អ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមប្រធានាធិបតីបារាំង។
សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទូតសភា ដែលដើរតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ដែលកម្ពុជាកំពុងទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីឆ្លុះបញ្ចាំងពីសន្ទុះ និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ជូនចំពោះបងប្រុសរបស់ឯកឧត្តម គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តភក្តិ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះការរៀបចំកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោក ដែលនេះជាលើកទី១ និងជាប្រវត្តិសាស្រ្តដែលសភាបារាំងធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំងអំពីសិទ្ធិរំលូតកូនរបស់ស្រ្តី ដែលមិនអាចដើរថយក្រោយបានទេ ដោយសិទ្ធិនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញបារាំងរួចហើយ។
ឯកឧត្តមប្រធានាធិបតី បានសង្កត់ធ្ងន់ទៀតថា បុព្វហេតុស្រ្តីមិនមែនសម្រាប់តែស្រ្តីប៉ុណ្ណោះទេ តែសម្រាប់មនុស្សជាតិ និងសកលលោកទាំងមូល។
ឯកឧត្តមប្រធានាធិបតីបារំាង បានបញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការខិតខំធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តីនៅតាមផ្ទះ និងអំពើហិង្សាការរំលោភផ្លូវភេទលើស្រ្តីនៅតាមតំបន់ និងប្រទេសដែលមានសង្រ្គាម ដូចជានៅប្រទេសអ៊ុយក្រែន និងតំបន់កាហ្សាជាដើម។
ឯកឧត្តមប្រធានាធិបតី បានថ្លែងកោតសរសើរ និងសូមអរគុណចំពោះវត្តមានប្រធានសភាជាស្រ្តី មកពីបណ្តាទ្វីបទាំង ៥ ក្នុងពិភពលោក ដែលអញ្ជើញមករួមគ្នា ដើម្បីធ្វើការងារជួយពង្រឹងវត្តមានស្រ្តីនៅក្នុងការកាន់តំណែងនយោបាយធំៗ ហើយមានប្រទេសខ្លះបានចែងក្នុងរដ្ឋធម្មនុញ្ញអំពីការអោយមានភាគរយរបស់ស្រ្តីក្នុងតំណែងផ្សេងៗទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សូមជម្រាបថា ដំណើរទស្សនកិច្ចជាផ្លូវការនិងការចូលរួមជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក នាឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ចំណែក ក្នុងក្របខណ្ឌទ្វេភាគី ប្រទេសកម្ពុជានិងបារំាង បានកំពុងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
ការបំពេញទស្សនកិច្ចនៅបារំាង របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នាឱកាសនេះ បានធ្វើឡើងបន្ទាប់ពីព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ៕